នា​ឆ្នាំ 2018 នេះ​ក្រុម​ហ៊ុន​បង​ប្អូន​ជីដូន​មួយ Oppo និង Vivo បាន​ធ្វើ​ឲ្យ​សហគ្រាស​ទូរស័ព្ទ​ភ្លឺ​ភ្នែក​ដោយ​សារ​ពួកគេ​បាន​បញ្ចេញ​ម៉ូដែលទូរស័ព្ទ​ដែល​ស្ទើរ​តែ​គ្មាន​គែម ដោយ​បាន​រក​វិធីថ្មី​ដើម្បី​លាក់​កាមេរ៉ា​មុខ និង​ផ្នែក Sensor ផង​ដែរ។ តែ​សំណួរ​សួរ​ថា​ តើ​ពួក​វា​ល្អ​គ្រប់​គ្រាន់​ដើម្បី​យក​ឈ្នះ​ប្រពួក​ក្បាល​ឆក​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ធំៗ​ដូច​ជា Apple, LG, Huawei បាន​អត់? យើង​មក​ស្វែង​យល់​ពី​ចំនុច​ល្អ​ និង​អាក្រក់​របស់វា។ យើង​នឹង​មិន​និយាយ​ពី​ផ្នែក Software នោះ​ទេ គឺ​យើង​និយាយ​តែ​ពី Hardware របស់​វា។

ស្វែង​យល់​ពី​មុខ​ងារ​ខាង​ក្រៅ​ទូរស័ព្ទ​ទំនើបនិង​ភាពធន់​របស់​វា

នេះ​ជា​ផ្នែ​ក​មួយ​ចំនួន​របស់​ទូរស័ព្ទ​ទំនើប​កម្រិត​ Flagship​៖

  • មិន​ជ្រាប​ទឹក
  • រាង​ស្តើង​
  • ទម្ងន់​ស្រាល
  • ធន់​នឹង​ការ​ធ្លាក់​និង​សឹក​រិច​រឹល
  • ធន់​នឹង​ធូលី

ពួក​អា​ក្បាល​ឆក (Notch)

ដោយ​សារ​តែ​ចង់​បាន​អេក្រង់​ពេញ​ផ្នែក​ខាង​រចនា​របស់​ក្រុម​ហ៊ុន​ធំបានកាត់​គែម​សង​ខាង​ផ្នែក​ខាង​លើចេញ​បណ្តាល​ឲ្យ​លេច​ចេញ​ជារៀង​ក្បាល​ឆក ចំណែក​ឯ​ទំហំ​វា​គឺ​អាស្រ័យ​ទៅ​លើ​មុខ​ងារ​របស់​ទូរស័ព្ទ​នីមួយៗ។ ដូច​ជា​ iPhone មាន​ក្បាល​ឆក​ធំ​ដោយ​សារ​តែ​ Face ID និង​ Sensor របស់​វា ចំណែក​ឯ​ទូរស័ព្ទទី​មួយ​ដែល​មាន​ក្បាល​ឆក Essential Phone PH1 មាន​ក្បាល​តូច​មូល​ដោយ​សារ​តែ​វា​មាន​តែ​កាមេរ៉ា​មុខ។
មូល​ហេតុ​ដែល​ក្រុម​ហ៊ុន​ធំៗ​សុខ​ចិត្ត​ចេញ​ទូរស័ព្ទ​ដែល​មាន​ក្បាល​ឆក​បែប​នេះ​ដោយ​សារ​តែ​ក្នុង​ពេល​ឥឡូវ​នេះ​ពួក​គេ​មិន​ទាន់​រក​វិធីលាក់​កាមេរ៉ា​មុខ និង​ Sensors ផ្សេងៗ​ឃើញ ដោយ​មិន​ចាំ​បាច់​ធ្វើ​ឲ្យ​ទូរស័ព្ទ​មាន​រន្ធ​ចេញ​ចូល​បាន​។ ចំណែក​ឯ​ឧបករណ៍​បំពង​សម្លេង​ខាង​មុខ​ពួក​គេ​បាន​រក​វិធី​លាក់​ទុក​បាន​ហើយ ដោយ​ប្រើ​បច្ចេកវិទ្យា​រំញ័រ។

Vivo NEX និង Oppo Find X អត់​ឆកក្បាល

Vivo NEX លាក់​កាមេរ៉ា​មុខ​នៅ​ក្នុង​តួ​ខ្លួន​ផ្នែក​ខាង​លើ ដោយ​ហូត​ចេញ​មក​ក្រៅ​នៅពេល​ត្រូវ​ការ និង​លិប​ទៅ​វិញ​បន្ទាប់​ពីប្រើ​រួច។ ចំណែក​ឯ Oppo Find X លេង​មួយ​ក្បាច់​ទៀតគឺ​លាក់ទាំង​មុខ​ទាំង​ក្រោយ​នៅ​ក្នុង​តួ​ខ្លួន ពេល​ត្រូវ​ការ​ប្រើ​វា​ហូត​ឡើង​ទៅលើ​ទាំង​ផ្ទាំង​ដូច​ Nokia N95 កាល​ពី 10 ឆ្នាំ​មុន។
វា​ពិត​ជា​ឡូយ​ខ្លាំង​ណាស់ ព្រោះ​យើង​ខាន​ឃើញ​ទូរស័ព្ទ​ហូត​បែប​នេះ​យូរ​មក​ហើយ លើក​លែង​តែ BlackBerry។ តែ​សំណួរ​សួរ​ថា​ តើ​វា​រឹង​មាំប៉ុនណា? ផ្នែក​ហូត​ចេញ​ហូត​ចូល​វា​មិន​​អាច​ការ​ពារ​ទឹក​និង​ធូរលីបាន​ល្អ​នោះទេ ពិសេស​នៅ​ពេល​ទូរស័ព្ទ​នោះ​រៀង​ចាស់។ ចុះ​បើ​ពេល​វា​កំពុង​លៀន​ចេញ​មក​ក្រៅ ហើយ​ធ្លាក់​ចំ​កន្លែង​ដែល​លៀន​ចេញ តើ​វា​នៅ​ហូត​ចុះ​ហូត​ឡើង​បាន​ទៀត​ទេ?
នេះ​ជា​សំណួរ​ដែល​យើង​នៅ​តែ​រង​ចាំ​ចម្លើយ។ ក្រុម​ហ៊ុន​ Oppo ក៏​បាន​បញ្ជាក់​ថា​ពួក​គេ​បាន​ធ្វើ​តេស្ត​ជា​ច្រើន​ពាន់​ដង​នៅ​លើ​ផ្នែក​ហូត​ចេញ​ហូត​ចូល តែ​ខ្ញុំ​គិត​ថា​មាន​មិន​ទាន់​ល្អ​គ្រប់ទេ ព្រោះ​អ្នក​ប្រើ​ប្រាស់​ច្រើន​ប្រាកដ​ជា​ដោះ​សោរ​ជាង​មួយរយ​ដង​ក្នុង​មួយ​ថ្ងៃ​ដោយ​ប្រើ​ Face Unlock។ ចុះ​បើ​ផ្នែក​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​គាំ​មិន​អាច​បញ្ជា​ឲ្យ​ហូត​កាមេរ៉ា​ចេញ​បាន​ យើង​ប្រាកដ​ជា​ចប់​ហើយ ព្រោះ​យើង​មិន​អាច​ហូត​វា​ចេញ​បាន​ដោយ​ដៃ​នោះ​ទេ។

មួយ​វិញ​ទៀត​បើ​ដាក់​ម៉ូទ័រ​ឲ្យ​វា​រុញ​កាមេរ៉ា​ចេញ​មក​ក្រៅ ទូរស័ព្ទ​ក៏​កាន់​តែ​ក្រាស់​ជាង​មុន និង​ធ្ងន់​ជាង​មុន ហើយ​បើ​វា​ធ្ងន់​ជាង​មុខ វា​ក៏​ឆាប់​បែក​ពេល​ធ្លាក់ដែរ។ ឃើញ​ថា​ដូច​ជា​យ៉ាប់ទៅៗ បើ​កាន់តែ​គិត។

តើ​ក្រុម​ហ៊ុន​ធំៗ​និង​យក​គំរូ​តាម​ដែរ​ឬទេ?

ចម្លើយ​ខ្លីគឺ ” ទេ “។ ព្រោះ​វិធី​នេះ​មិន​ល្អ​សម្រាប់​ការ​ប្រើ​ប្រាស់​រយះ​ពេល​វែង​នោះទេ។ ព្រោះ​គ្រាន់តែ​ទូរស័ព្ទ​មួយ​មិន​មាន​ប្រព័ន្ធ​ការ​ពារ​ទឹក អ្នក​ប្រើ​ប្រាស់​រាប់​ម៉ឺន​អ្នក​បាន​ត្អូញ​ត្អែរ និង​បដិសេដ​មិន​ទិញ​ប្រើ។

តើ​រវាង​អា​ឆក និង​អា​អត់​ឆក​ មួយ​ណា​មាន​ប្រសិទ្ធភាព​ជាង?

ចម្លើយ​ខ្លី​គឺ ” អា​ឆក ” ព្រោះ​វា​នៅ​តែ​រក្សា​មុខ​ងា​ផ្សេង​ដូច​ជា​ការពារ​ទឹក ធូលី បាន​ល្អ​ទោះ​បីជា​បាត់​បង់​ផ្នែក​ខ្លះ​នៃ​អេក្រង់​ក៏​ដោយ។ ប៉ុន្តែ​បច្ចេក​វិទ្យា​ដើរ​ទៅ​មុខ​រហូត មុន​នឹង​យើង​រក​ឃើញ​អ្វី​ដែល​ល្អ គឺ​យើង​ចាប់​ផ្តើម​ពី​កំហុស​ទៅ​មុន។ អា​ក្បាល​ឆក​គឺ​វា​នៅ​កណ្តាល​យុគ​មាន​គែម​លើ​ក្រោម និង​យុគ​អេ​ក្រង់ពេញ 100%។
ជា​ចុង​ក្រោយ​ពួក​យើង​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​ឃើញ​ក្រុម​ហ៊ុន​ដូច​ជា Oppo និង​ Vivo ហ៊ាន​បញ្ចេញ​ការ​រចនា​បែប​នេះ ហើយ​យើង​ក៏​សង្ឃឹម​ថា​នា​ពេល​អនាគត​យើង​អាច​ប្រើ​ទូរស័ព្ទ​ដែល​មាន​អេក្រង់​ពេញ 100% និង​រឹង​មាំ​ធន់​ល្អ។