ឆ្នាំ​ថ្មី​ ម៉ូដែល​ថ្មី គឺ​ជា​ទំនៀម​ទំលាប់​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ទៅ​ហើយ Apple ក៏​បាន​បញ្ចេញ​នូវម៉ូដែល​ថ្មី​នៃ​កុំព្យូទ័រ​ Macbook Pro 2018។ បញ្ហា​ត្រង់​ថា​ទើប​តែ​បញ្ចេញ​បាន​តែ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​ក្រុម​ហ៊ុន​ Apple ជួបបញ្ហា​ដ៏​ធំរួច​បាត់​ទៅហើយ។

បញ្ហា​សម្រាប់​សេរី​ដែល​ប្រើ​ CPU Intel Core i9

ក្រុម​ហ៊ុន​ Apple តែង​តែ​ផ្តល់​ជម្រើស​ដល់​អ្នក​ប្រើប្រាស់ទោះតិច​ក្តី​ច្រើន​ក្តី នៅ​ពេល​ដែល​អ្នក​ទិញ​កុំព្យូទ័រ។ អ្នក​អាចយក Macbook Pro 2018 ដែល​ភ្ជាប់ជាមួយ​ CPU Intel Core i7 ក៏​បាន Core i9 ក៏បាន តែ​ Core i9 សម្រាប់តែ​ម៉ូដែល 15 អ៉ីញ​តែ​ប៉ុណ្ណោះ។ CPU ដែល​ក្រុមហ៊ុន​ Apple ភ្ជាប់​មក​នេះ​គឺ​ជា​ប្រភេទ Unlocked ភ្ជាប់ជាមួយ​បច្ចេកវិទ្យា Turbo Boost និង​អាច​ Overclock បាន។ ខាង​ក្រោម​ជាទំហំ CPU៖

ម៉ូដែល​ 13 អ៉ីញ – CPU Intel Core i7 ជំនាន់​ចុង​ក្រោយ – មាន​ 4-core (Quad-Core) – ល្បឿន​ 2.7 GHz និង​អាច​រត់​រហូត​ដល់ 4.5 GHz ដោយ​បច្ចេកវិទ្យា​ Turbo Boost

ម៉ូដែល​ 15 អ៉ីញ – CPU Intel Core i9 ជំនាន់​ចុង​ក្រោយ – មាន​ 6-core
– ល្បឿន​ 2.9 GHz និង​អាច​រត់​រហូត​ដល់ 4.8 GHz ដោយ​បច្ចេកវិទ្យា​ Turbo Boost

Macbook Pro 2018 នៅ​តែ​រក្សា​រាង​ស្អាត​ស្តើង​ដដែល ប៉ុន្តែ​វា​មិន​មែន​ជា​គុណ​សម្បត្តិ​ទៀត​នោះឡើយ ជាពិសេស​សម្រាប់​ប្រភេទ​ដែល​មាន​ល្បឿន​លឿន។ ប្រភេទ Intel Core i9 ជា​ CPU ដែល​ធ្វើ​ការ​ខ្លាំង ជា​មូល​ហេតុ​ដែល​វា​ឡើង​ក្តៅ​ខ្លាំងជាង​ Core i7។

តួខ្លួន​របស់ Macbook Pro មិន​សាក​សម​នឹង​ Intel Core i9 ឡើយ

ដោយ​សារ​តែ​មាន​រាង​ស្តើង និង​ការ​រចនា​ខាង​ក្នុង​ដដែល​ Apple មិន​បាន​គិត​ពី​ CPU ដែល​ត្រូវ​ការ​ភាព​ត្រជាក់​ដើម្បី​ធ្វើ​ការ​បាន​រលូន​នោះ​ឡើយ។ តួ​ខ្លួន​ស្តើងមិន​អាច​ដាក់​កង្ហារ​ដើម្បី​បន្ថយ​សី​តុណ្ហភាព Heat sink ខាង​ក្នុង​ និង​ការ​រចនា​មិន​បាន​ធ្វើ​ឲ្យ​ Core i9 ចុះ​សីតុណ្ហភាពទាន់​ពេល​វេលានោះ​ឡើយ។ កត្តា​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​ Macbook Pro 2018 មិន​អាច​ទាំង​រត់​ដល់​ល្បឿន 2.9 ដែល​ជា​ល្បឿន​ដើម​ផង។ អាច​រត់​យ៉ាង​ច្រើន​បាន​ត្រឹម​ល្បឿន 2.8 រឺ​ 2.7 GHz ហើយ​ឡើង​ក្តៅ​ខ្លាំង​ដែល​ធ្វើ​ម៉ាស៊ីន​ដំណើរ​ការ​យឺត។ បាន​ន័យថា​ Turbo Boost ដែល​អាចរត់​ដល់ 4.8 GHz គឺ​គ្មាន​ន័យ​អ្វីទាំងអស់។

តើ​អ្នក​ប្រើប្រាស់​គួរ​ជ្រើស​យក​មួយ​ណា រវាង Core i7 និង​ Core i9?

ប្រសិន​បើ​អ្នក​នៅ​តែ​ចង់​ទិញ ពួក​យើង​ហ៊ាន​និយាយ​ថា​យក​ Core i7 សម្រាប់​ Macbook Pro ព្រោះ​បើ​យើង​គិត​ទៅ អ្នក​ដែលប្រើ​​​ Macbook Pro គឺជា​អ្នក​ប្រើ​ប្រាស់​ខ្លាំង​ដូច​ជាឌីស្សាញ ឬ​កាត់​ត​វីដេអូជា​ដើម ហើយ Core i7 វា​ល្អ​គ្រប់​គ្រាន់​ហើយ ទោះ​ជា​វា​មិន​លឿន​ដូច​ Core i9​ ក្តី បូក​រួម​ទាំង​ Core i9 រត់​មិន​បាន​ល្បឿន​ពេញ​ដោយ​សារ​កំដៅ​ខ្លាំងផង បណ្តាល​ឲ្យ​ Macbook Pro Core i7 ដើរ​បាន​រលូន​ និង​លឿន​ជាង Macbook Pro Core i9។

តើ​ Apple គួរ​ធ្វើ​យ៉ាង​ណា​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នេះ?

ចម្លើយ​យ៉ាង​ខ្លីគឺ​ កុំ​លក់​ម៉ូដែល​នេះ​។ ហើយ​ទៅ​រចនា​ផ្នែក​ខាង​ក្នុង​ឡើង​វិញ​ដើម្បី​អនុញ្ញាត​ឲ្យគ្រឿង​ក្នុង​ដំណើរ​ការ​បានលឿន​និង​មិន​ឡើង​កំដៅ។ ទោះ​បីជា​វា​អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​ក្រាស់​ជាង​មុន​ក៏​ដោយក៏​វា​មិន​មាន​បញ្ហា​ក្នុង​ការ​លក់​ដែរ​ ព្រោះ​អ្នក​ទិញ​វា​គឺ​ជា​អ្នក​ត្រូវ​ការ​ថាម​ពល​ម៉ាស៊ីន​ខ្លាំង។

ចុះ​ក្រៅពី CPU តើ​មាន​បញ្ហា​អីទៀត?

គឺ Keyboard ។ Butterfly Mechanism ដែល​ដាក់​ប្រើ​នៅ​លើ​ម៉ូដែល​ចាស់ៗ មាន​បញ្ហា​គាំង នៅ​ពេល​មាន​ធូលី​ចូល លឺសម្លេង​ខ្លាំង ពេល​ខ្លះ​ស្អិត​ចុច​មិន​ទៅ​ដោយ​សារ​ធូលី។ល។ Apple បាន​បញ្ជាក់​ថា​នៅ​លើ​ម៉ូដែល​ថ្មី​នេះ Keyboard លឺ​សម្លេង​តិចជាងមុន។ បើ​តាម​ការ​ដោះ​មើល យើង​ឃើញ​ថា​ Apple បាន​ដាក់បន្ទះ​ស្តើង​ក្រោមប៊ូតុង​នីមួយៗ មូល​ហេតុ​គឺ​ដើម្បី​ចៀស​វា​ង​មាន​ធូលី​ចូល ហើយ​ក៏​វា​បណ្តាល​ឲ្យ​លឺ​សម្លេង​តិច​ជាង​មុន។ ប៉ុន្តែ​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា បញ្ហា​ចុច​គាំង ឬ​ជាប់​ Key អាច​នៅ​តែ​ជាបញ្ហា​ខណៈ​ដែល​ក្រុម​ហ៊ុន​នេះ​មិន​រវល់​ប្តូរក្តារ​ចុច​ថ្មី​នេះ​ទៅ​កាន់​ម៉ូដែល​ចាស់​នោះ​ឡើយ។

តើ​អ្នក​មាន​ចម្ងល់​អ្វី​ទាក់​ទង​នឹង​ Macbook Pro 2018? អ្នក​អាច​សួរ​ពួក​យើង​បាន​តាម​រយៈ​ប្រអប់​យោបល់​ខាង​ក្រោម។