បើយើងមកមើល Samsung Galaxy S9 នាឆ្នាំ 2018 នេះ គឺវាបានកាន់ដំណែងលេខមួយទៅហើយ ខណៈដែលស្តេច Android របស់ Google គឺ Google Pixel 3 មិនទាន់ប្រកាសចេញ។ ដោយហេតុថា OnePlus 6 ដែលយើងស្គាល់ថាជាប្រភេទ Flagship ដែលមានតម្លៃធូរទើបតែចេញមកម្សិលមិញនេះ យើងគួរតែប្រៀធៀបវាមើលថាមួយណាល្អជាងមួយណាហើយយើងគួរតែទិញអាមួយណា។

រចនាខាងក្រៅ

យើងគួរតែចាប់ផ្តើមពីខាងក្រៅទៅមុន ព្រោះនេះជាអ្វីដែលយើងដឹងមុនគេពេលយើងចាប់កាន់វាឡើងមក។
ទាំង Samsung Galaxy S9 និង OnePlus 6 សុទ្ធតែមានតួធ្វើពីកញ្ចក់ ហើយមានគែមពីលោហៈធាតុបូករួមទាំងប៊ូតុងរបស់ពួកវា។ វាក៏មានរន្ធកាសនៅខាងក្រោមដូចគ្នា កន្លែងស្កេនម្រាមដៃនៅខាងក្រោយក៏ដូចគ្នា ហើយក៏មានរៀងទ្រវែងដូចគ្នា។
Samsung Galaxy S9 មានបាសបំពងសម្លេង២ ខណៈ OnePlus 6 មានតែមួយ។
OnePlus 6 មាន Alert Slider សម្រាប់ប្តូរពីសម្លេង ទៅញ័រ ឬមិនមានការរំខាន (Do not disturb mode) ខណៈ Samsung Galaxy S9 មានប៊ូតុង Bixby ដែលមិនសូវមានគេប្រើ។
OnePlus 6 មានទំហំធំជាង Samsung Galaxy S9 តែត្រង់ចំណុចនេះគឺស្រេចទៅលើអ្នកប្រើប្រាស់ខ្លួនឯង អ្នកខ្លះចូលចិត្តទូរស័ព្ទធំ អ្នកខ្លះទៀតចូលចិត្តទូរស័ព្ទតូច។
OnePlus 6 ចាញ់ Samsung Galaxy S9 ត្រង់ប្រពន្ធការពារទឹក (IP Rating)  ទោះជាយ៉ាងណាមិនមែនមានន័យថាប៉ះទឹកមិនបាននោះទេ តែសូមកុំយក OnePlus 6 ទៅត្រាំទឹក។
ដូចនេះពាក់ពន្ធនឹងរូបរាងខាងក្រៅយើងជ្រើសយក OnePlus 6 ប៉ុន្តែមុខងាររបស់ការរចនារបស់វាគឺមិនអាចស៊ីដាច់ Samsung Galaxy S9 នោះឡើយ។

អេក្រង់

ចំនុចនេះគឺខុសគ្នាដាច់ស្រឡះតែម្តង ខុសទាំងទំហំ និង Resolution។
OnePlus 6 មានអេក្រង់ទំហំ 6.28 អ៊ីញ ដែលមានសមមាត្រ 84% Resolution ទំហំ 1080 x 2280 និងជាប្រភេទ AMOLED។
ចំណែកឯ Samsung Galaxy S9 វិញវាមានទំហំ 5.8 អ៊ីញ ជាប្រភេទ Super AMOLED និង Resolution ទំហំ 2,960 x 1,440។
ចំពោះគុណភាពរូបវិញគឺមិនបាច់និយាយ Samsung វ៉ាដាច់ឆ្ងាយ ហើយគួររំលឹកដែរថា Samsung Galaxy S9 មានអេក្រង់ស្អាតជាងគេនៅលើលោកនេះគិតត្រឹមពេលនេះ។

ល្បឿន

ទូរស័ព្ទទាំងពីបំពាក់ Chip Qualcomm Snapdragon 845 ដូចគ្នា តែ OnePlus 6 មាន Ram 6GB ចំណែកឯ Samsung Galaxy S9 មាន Ram 4GB។ ដូចនេះការប្រើប្រាស់ទូទៅ OnePlus 6 អាចទប់ទល់ការប្រើប្រាស់បានល្អជាង។
តែវាក៏ស្រេចទៅលើផ្នែក Software ដែរ។

ប្រព័ន្ធប្រតិបត្តិការ (OS)

OnePlus 6 ដំណើរដោយ Oxygen OS ដែលផ្អែកលើ Android 8.1 Oreo រីឯ Samsung Galaxy S9 ដំណើរការដោយ Samsung Experience ដែលផ្អែកលើ Android 8.0។
OnePlus 6 ក៏ទទួលបាន Android P beta ដែរ តែយើងមិនអាចដឹងថាកាលណាបាន Samsung Galaxy S9 ទទួលបាន Android P នោះទេ។ Samsung ក៏ក្លាយជាក្រុមដែលមាន Software អន់ជាងគេនៅដើមឆ្នាំ 2018 នេះ ដោយសារតែវាឆាប់យឺត គាំងៗ ព្រមទាំងមានកម្មវិធីដែលជាប់មកពីរោងចក្រស្រាប់ដែលលុបមិនកើត ហើយក៏មិនល្អប្រើ (Bloatware)។
ចំណែកឯ Oxygen OS របស់ OnePlus វិញគឺមានរចនាបថដូច Stock Android របស់ Google អីចឹង វាដើរលឿន ងាយស្រួលប្រើ និងអាចកែបានច្រើនយ៉ាងស្រាច់តែយើងចូលចិត្ត ហើយអ្នកប្រើប្រាស់ទូទៅនៅលើលោកនេះក៏ចូលចិត្តវាដែរ។
ដូចនេះ OnePlus 6 ឈ្នះខាងផ្នែក Software ទាំងមូល។

កាម៉េរា

Samsung Galaxy S9 បំពាក់កាម៉េរាក្រោយមួយគ្រាប់ទំហំ 12MP តែអាចផ្តូរ Aperture បានរវាង f/1.5 និង f/2.4  ថតពេលងងឹតបានច្បាស់ល្អ។ ចំណែកឯ OnePlus 6 មានកាម៉េរា 2 គ្រាប់ 16MP + 20MP អាចថតវីដេអូបានដល់ទៅ 2160p 60fps ប៉ុន្តែគុណភាពរូប គឺមិនអាចស៊ី Samsung Galaxy S9 បានឡើយ។

ថ្ម

OnePlus 6 មានថ្មទំហំ 3300 mAh ចំណែកឯ Samsung Galxy S9 មានទហំតែ 3000mAh ប៉ុណ្ណោះ។
បូករួមទាំង Software របស់ OnePlus ស៊ីថ្មតិចទៀត បណ្តាលឲ្យ OnePlus 6 កាន់ថ្មបានយូរជាង។
Dash Charge របស់ OnePlus ក៏សាកថ្មបានលឿនជាងទូរស័ព្ទដទៃផងដែរ។

តម្លៃ

ឃើញតម្លៃហើយ យើងចង់ទិញ OnePlus 6 តែម្តង ព្រោះវាចាប់ផ្តើមពី $520 (តម្លៃនៅអាមេរិច) ចំណែកឯ Samsung Galaxy S9 ចាប់ផ្តើមពី $729 (តម្លៃនៅអាមេរិច)។ 

សរុបមក

បើប្រៀបធៀបតម្លៃនិងអ្វីដែលយើងទទួលបាន OnePlus 6 មានប្រៀបជាងព្រោះវាមិនថ្លៃពេក ហើយវាក៏លឿនជាងទូរស័ព្ទដែលមានតម្លៃថ្លៃជាងផងដែរ។ ប៉ុន្តែយើងក៏គោរពដល់អ្នកគាំទ្រ Samsung ផងដែរ ព្រោះ Samsung មានប្រៀបជាងជាច្រើនផ្នែកផងដែរ។ ដូចនេះសម្រាប់មនុស្សទូទៅ យើងហ៊ាននិយាយថាទិញ OnePlus 6 គឺមិនខុសបំណងនោះទេ។ តែបើអ្នកជាអ្នកគាំទ្រ Samsung ហើយមានទឹកប្រាក់ចំណាយ និងចង់បានអ្វីដែលកប់ទាំងអស់ Samsung Galaxy S9 និង S9+ គឺជាជម្រើសដ៏ល្អនាពេលឥឡូវនេះ។
បើលោកអ្នកមានមតិយោបល់សូមផ្តល់យោបល់ខាងក្រោម។