Qualcomm ជាក្រុមហ៊ុន​ធំផ្តាច់គេ​ខាង​ផលិត​បន្ទះ Chip ប្រភេទ ARM សម្រាប់ទូរស័ព្ទ។
បន្ទះចុង​ក្រោយសម្រាប់ទូរស័ព្ទទំនើប​គឺ Snapdragon 845 ដែល​មាន​នៅ​ក្នុង​ OnePlus 6 និង Galaxy S9 ជាដើម។ តែ​ថ្មីៗនេះ​ Qualcomm ក៏បាន​បង្ហាញ​ប្រភេទថ្មី​គឺ Snapdragon 850 ដែលពេល​ឥឡូវ​នេះ​គឺ​សម្រាប់កុំព្យូទ័រ​ដែល​ប្រើ​ប្រាស់ Windows 10 ដើម្បី​បង្កើត​កុំព្យូទ័រ​ជំនាន់ថ្មី​សម្រាប់​មនុស្ស​ទូរទៅ ដែល​សុី​ភ្លើង​តិច និង​ភ្ជាប់ទៅកាន់ 4G បាន​រហូត។

គួរ​បញ្ជាក់ផង​ដែរ​ថា​ឥឡូវ​នេះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា HP បាន​ផលិត​កុំព្យូទ័រ​ដែល​ដំណើរ​ការ​ដោយ Snapdragon 835 និង Windows 10 ផងដែរ។

បើក​ដំណើរ​ការ​រហូត

ជាមួយ​ប្រភេទបន្ទះ Chip ថ្មី​នេះ កុំព្យូទ័រ​អ្នក​បើក​ចោល​ដូច​ទូរស័ព្ទចឹង អ្នក​អាច​ដាស់​វា​ពី Sleep Mode នឹង​ប្រើ​ប្រាស់បាន​ភ្លាមៗ ដោយ​មិន​ចាំ​យូរ។ វា​មិន​សុី​ថ្ម អ្នក​អាច​ប្រើ​វា​ពេញ​មួយ​ថ្ងៃ​ដោយ​សាក​ថ្ម​តែ​មួយ​ដង។ ការ​ធ្វើ​តេស្ត​បាន​បញ្ជាក់​ថា​អ្នក​អាច​បើកវីដេអូ​ក្នុង​ម៉ាសុីន​អ្នក​ឲ្យ​វា​លេងបាន​រហូត​ដល់ 25 ម៉ោង​ជាប់គ្នា។
វា​អស្ចារ្យ​ត្រង់​ថា​ កុំព្យូទ័រ​ដែល​ប្រើប្រាស់​បន្ទះ Chip នេះ មិន​ត្រូវ​ការ​កង្ហារ​ដើម្បី​ធ្វើ​ឲ្យ​វា​ត្រជាក់នោះ​ទេ ដូច​នេះ​ក្រុមហ៊ុន​អាច​ផលិត​កុំព្យូទ័រ​ស្តើង​ជាង​មុន។ បើប្រៀប​ជា​មួយ​នឹង​ Snapdragon 835 គឺ​វា​លឿន​ជាង 30%។

ភ្ជាប់ទៅកាន់​ Internet រហូត

ដោយ​សារ​តែ​វា​ជា​ប្រភេទ Chip ទូរស័ព្ទ នាំ​ឲ្យ​វា​ក៏​ដំណើរ​ការ​ដូច​ទូរស័ព្ទ​ដែរ។ វា​ភ្ជាប់ទៅ​កាន់ Wi-Fi និង LTE រហូត​ទោះ​បី​ជា​វា​នៅ​ក្នុង Sleep Mode ក៏ដោយ។ កុំព្យូទ័រ​អ្នក​អាច​ភ្ជាប់​រហូត​ដល់ល្បឿន 1.2Gbps (Gigabyte Per Second) តាម​រយៈ LTE ហើយ​នៅ​តែ​លឿន​ទោះ​ជា​នៅ​ក្នុង​តំបន់​មិន​សូវ​មាន​សេវា​ក៏​ដោយ។

សម្រាប់ការ​កំសាន្ត

ពី​វីដេអូដល់​លេង​ហ្គេម​ធន់​មធ្យម វា​នៅតែ​ធ្វើ​ឲ្យ​ម៉ាសុីន​ដើរ​ស្រួល​មិន​រអាក់​រអួល។ ហើយ​វា​ក៏​ជំនួយ​ដល់​ការ​ថត​រូប​និង​វីដេអូ​ផង​ដែរ​ប្រសិន​ជា​យើង​យក​វា​ដាក់​ក្នុង​ម៉ាសុី​ន​ទូរស័ព្ទ។

មាន​ផ្នែក​ពិសេស​សម្រាប់ AI

វាអស្ចារ្យ​ត្រង់​វា​មាន​ផ្នែក​ដាច់មួយ​សម្រាប់​ដំណើរ​ការ AI (Machine Learning) ពី​កាមេរ៉ា សម្លេង នឹង​ថ្ម។

សរុប​មក

នេះ​ជា​ជំនាន់ទីពីរ​ហើយ​ដែល​យើង​ឃើញ​វត្ត​មាន​របស់ Snapdragon ដំណើរ​ការ​កំព្យូទ័រ​ជា​ច្រើន​បាន។ នៅ​ចុង​ឆ្នាំ​នេះ យើង​នឹង​ឃើញ​វត្ត​មាន​របស់ Snapdragon 850 នៅ​លើ​កុំព្យូទ័រ​និង​ដាក់​លក់​នៅ​ទីផ្សារ។ ហើយ​ក៏​សូម​សរសើរ​ដល់ក្រុមហ៊ុន Microsoft ដែល​បាន​រចនា​ Windows 10 ឲ្យ​ដំណើរ​ការ​លើប្រភេទ ARM ផង​ដែរ។