ឆ្នាំនេះមិនមែនជាឆ្នាំល្អសម្រាប់ក្រុមហ៊ុន Huawei នោះទេ។ បន្ទាប់ពីបាត់បង់សិទ្ធិលក់នៅទឹកដីអាមេរិចរួចមក ឥឡូវនេះកម្មវិធីចាក់វីដេអូ និងចម្រៀងដ៏ល្អមួយគឺ VLC បានសហការជាមួយ Google Play Store បញ្ឈប់ផ្តល់ App VLC ទៅកាន់ពពួកទូរស័ព្ទម៉ាក Huawei។ ពោលគឺបើអ្នកមានទូរស័ព្ទម៉ាក Huawei អ្នកនឹងមិនអាចទាញយកកម្មវិធី VLC ពី Play Store បានទៀតឡើយនៅពេលខាងមុខ។

តើមកពីមូលហេតុអ្វី?

ក្រុមហ៊ុន Huawei ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android បំពាក់នៅគ្រប់ទូរស័ព្ទទំនើបរបស់ខ្លួន ដោយក្រុមហ៊ុននេះកែច្នៃ និងរចនា Android ឡើងវិញដើម្បីបន្ថែមមុខងារជាច្រើន ហើយក៏លុបមុខងារជាច្រើនដើម្បីសម្របទៅនឹងទីផ្សារអ្នកប្រើប្រាស់របស់ខ្លួន។ បន្ទាប់ពីកែរួចប្រព័ន្ធប្រតិបត្តិការរបស់ Huawei ធ្ងន់ជាងមុននឹងត្រូវការកម្លាំងទូរស័ព្ទខ្លាំងដើម្បីដំណើរការបានរលូន និងស៊ីថ្មតិច។ ដូចនេះ Huawei ក៏សម្រេចបិទ Background App ដែលដំណើរការដោយខ្លួនឯងដោយមិនបាច់បើកកម្មវិធី ហើយអ្នកប្រើប្រាស់អាចអនុញ្ញាតឲ្យកម្មវិធីដំណើរការយ៉ាងស្ងាត់ស្ងៀមយ៉ាងច្រើនបាន 5 កម្មវិធី។ ជាមូលហេតុដែលធ្វើឲ្យកម្មវិធីជាច្រើនមិនដំណើរការ ដូចជាអ្នកមិនទទួលការជូនដំណឹងពីកម្មវិធី Chat, ហើយពេលអ្នកចេញពីកម្មវិធីហើយចូលទៅវិញ កម្មវិធីនឹងដំណើរឡើងវិញ.. ។ល។ នេះគឺបណ្តាលមកពីការបិទកម្មវិធីដោយប្រព័ន្ធប្រតិបត្តិការរបស់Huawei។
​កម្មវិធី VLC វាតម្រូវឲ្យដំណើរការស្ងាត់ស្ងៀម (Background Run) ដើម្បីឲ្យវាដំណើរការបានត្រឹមត្រូវ។ ដោយមានអ្នកប្រើប្រាស់ជាច្រើនបន្ទោស VLC ថាដើរមិនស្រួលនៅលើទូរស័ព្ទ Huawei ដោយមិនបានដឹងថានេះជាកំហុសរបស់ក្រុមហ៊ុន Huawei ផងនោះ បូករួមទាំង Huawei នៅតែមិនអនុញ្ញាតឲ្យកម្មវិធីដំណើរការនៅក្នុង Background ផងនោះ អ្នកបង្កើតកម្មវិធី VLC ក៏សម្រេចចិត្តឈប់ឲ្យអ្នកប្រើទូរស័ព្ទ Huawei ទាញយក VLC ពី Play Store តែម្តង។

ការសម្រេចចិត្តបែបនេះរៀងចិត្តដាច់បន្តិច តែដើម្បីមុខមាត់របស់កម្មវិធី ព្រោះកម្មវិធីនេះដំណើរបានល្អរលូននៅគ្រប់ទូរស័ព្ទផ្សេង។


តើ​ត្រូវ​យ៉ាង​ណា​បើ​អ្នក​ត្រូវ​ការ​ប្រើ​កម្មវិធី​មើល​វីដេអូ?

​កុំបារម្ភ មានកម្មវិធីរាប់ពាន់នៅក្នុង Play Store សម្រាប់មើលវីដេអូ អត់ពី VLC ទៅក៏មិនមែនជាបញ្ហា។ តែបើអ្នកនៅតែចង់ប្រើ VLC អ្នកអាចទាញយក APK របស់ VLC ពីវេបសាយផ្សេងទៀតដូចជា Apptoid ឬ APKPure ហើយតម្លើងខ្លួនឯងបានដោយគ្មានបញ្ហា គ្រាន់តែអ្នកត្រូវទៅទាញយកម្តងទៀតពេលដែលចង់ប្រើកំណែថ្មី ព្រោះវាមិនអាចដំឡើងកំណែថ្មីដោយខ្លួនឯងបានទេ។

បើអ្នកមានចម្ងល់ សូមសួរ​សំណួរ​មក​កាន់​ក្រុម​ការ​ងារ​យើង​បាន។